ប្រមុខក្រសួងមហាផ្ទៃកម្ពុជា លើកទឹកចិត្តឱ្យស្ថាប័នអក្សរសំងាត់ កម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម

Adminstator
0


ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តឱ្យស្ថាប័នអក្សរសំងាត់របស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់តាំងពីនីតិកាលទី៦ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម រក្សាសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។

ប្រសាសន៍លើកទឹកចិត្តនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អនុញ្ញាតជូនឯកឧត្តម ង្វៀន ដាំងឡឹក អនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសមក្នុងពេលមកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងស្ថាប័នអក្សរសម្ងាត់នៃប្រទេសទាំងពីរ។

ក្នុងជំនួបនេះដែរ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណជូនឯកឧត្តម ង្វៀន ង៉ុកថេម ប្រធានគណៈអក្សរសម្ងាត់នៃរដ្ឋាភិបាលវៀតណាម ដែលតែងតែផ្តល់កិច្ចសហការជិតស្និទ្ធ និងជួយឧបត្ថម្ភគាំទ្រក្នុងវិស័យ អក្សរសម្ងាត់ដល់កម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសរវាងស្ថាប័នទាំងពីរ។ 

ជាការឆ្លើយតប ឯកឧត្តម ង្វៀន ដាំងឡឹក អនុប្រធានគណៈអក្សរសម្ងាត់ នៃរដ្ឋាភិបាលវៀតណាម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតជូន ឯកឧត្តម ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងបានមានប្រសាសន៍លើកទឹកចិត្ត និងគាំទ្រខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអក្សរសំងាត់នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។

ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងវិស័យអក្សរសម្ងាត់រវាងភាគីទាំងពីរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម ង្វៀន ដាំងឡឹក ក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងស្ថានប័នអក្សរសម្ងាត់នៃរដ្ឋាភិបាលទាំងពីរ នឹងរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាម៕













Post a Comment

0Comments

Post a Comment (0)