កូរ៉េ​ខាង​ជើង​ថ្លែង​ថា​ខ្លួន​មាន​សិទ្ធិ​បា.​ញ់​បង្ហោះ​​ផ្កាយ​រណប​ស៊ើប​ការណ៍​

Adminstator
0

 


ទី​ក្រុង​ព្យុង​យ៉ាង៖ ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង លោក​គីមជុងអ៊ុន ថ្លែង​​ថា​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ស៊ើប​ការណ៍​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ជា​​​ការ​ប្រើ​ប្រាស់​សិទ្ធិ​ដើម្បី​កា​រពារ​ខ្លួន​​។​ លោក​ថ្លែង​ដូច្នេះ​​បន្ទាប់ពី​​​ទី​ក្រុ​ងព្យុង​យ៉ាង​អប​អរ​សាទរ​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​នេះ​យ៉ាង​កង​រំពង​ដោយ​ចាត់​ទុក​ថា​តែ​ប៉ុណ្ណេះ​ខ្លួន​អាច​វាយ​ប្រហារ​ទៅ​គ្រប់​ទី​កន្លែងនៃ​​ពិភពលោក​។


កាល​ពី​​យប់​ថ្ងៃ​អង្គារ​ កូរ៉េ​ខាង​ជើង​ថ្លែង​ថា​ខ្លួន​បាន​​នាំ​យក​ផ្កាយ​រណប​ស៊ើប​ការណ៍​ដំបូង​គេ​ទៅ​ក្នុង​ទី​អវកាស។ ​ប្រទេស​ខ្លះ​គ្រាន់​តែ​ទទួលដំណឹង​នេះ​ភ្លាម ក៏​ប្រកាស​​ថ្កោល​ទោស​និង​ចាត់​ទុក​ថា​នេះ​ជា​ការ​រំលោភ​ទៅ​លើ​សេចក្ដី​សម្រេច​របស់​ក្រុ​ម​ប្រឹក្សា​​សន្តិសុខ​​អង្គ​ការ​សហ​ប្រជា​ជាតិ​​ដែល​ហាម​​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​កម្ម​វិធី​មីស៊ីល​ផ្លោង​។

លោក​គីម​​ទៅ​ទស្សនា​វិទ្យាស្ថាន​ជាតិ​ស្រាវ​ជ្រាវ​បច្ចេក​វិទ្យា​អវកាស​ និង​​​អប​អរ​សាទរ​​ចំពោះ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ និង​អ្នក​បច្ចេក​​ទេស​​ដែល​សម្រេច​បាន​សមិទ្ធ​ផល​នេះ​​។ លោក​ថ្លែង​ថា​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​កាល​ពី​យប់​ថ្ងៃ​អង្គារ​​ជា​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ចំពោះ​មុខ​នៃ​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​ និង​ដ៏​គ​ឃ្លើន​នៃ​ក្រុម​បច្ចាមិត្ត​របស់​យើង​។​
លោក​​​ថ្លែង​ថា​កូរ៉េ​ខាង​ជើង​មាន​សិទ្ធិ​បាញ់​បង្ហោះ​​ផ្កាយ​រណប​ស៊ើប​ការណ៍​​។ ​កងទ័ព​កូរ៉េ​ខាង​ជើង​មិន​អាច​ដក​ថយ ឬ​បញ្ឈប់​​បេសក​កម្ម​ការ​ពារ​ខ្លួន​​​​បាន​ឡើយ​សូម្បី​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​​​នេះ​ក៏​ដោយ​។ តាម​រយៈ​រូប​ថត​ជា​ច្រើន​សន្លឹក​ គេ​ឃើញ​ថា​ក្រុម​គ្រួសារ​របស់​លោក​គីម​ក៏​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​អប​អរ​សាទរ​​នោះ​ផង​ដែរ​។​

​​នៅ​ក្នុង​ពិធី​លៀង​សាយ​ភោជន៍​នោះ គេ​ឃើញ​កូន​ស្រី​របស់​លោក ​ប្រពន្ធ ​​​ប្អូន​ស្រី​​ ​អ្នក​វិទ្យាសាស្ត្រ​ និង​អ្នក​បច្ចេក​ទេស​​អង្គុយ​ជុំ​គ្នា​នៅ​ទី​នោះ​​​។ គួរ​កត់​សម្គាល់​ថា​ការ​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ើប​ការណ៍​គិត​ទាំង​លើក​នេះ​ទៀត​ជា​លើក​ទី​៣​ហើយ​។ បាញ់​២​លើក​ដំបូង​​ទទួល​បរាជ័យ​។​ ​ការ​បាញ់​លើក​ទី​៣​នេះ​បន្ទាប់​ពី​លោក​គីម​ទៅ​ជួប​លោក​ពូទីន​នៅ​ទី​ក្រុង​វ៉្លាឌីវ៉ូស្តុក​។

កាល​នោះ ប្រទេស​រុស្ស៊ី​សន្យា​ថា​នឹង​ជួយ​ជ្រោម​ជ្រែង​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​។​ ក្រុម​ស៊ើប​ការណ៍​កូរ៉េ​ខាង​ត្បូងយល់​ថា​​ផ្កាយ​រណប​ទី៣​នេះ​ប្រហែល​ជា​ទទួល​បាន​ជោគ​ជ័យ​​។ គ្រាន់​តែ​ថា​​ពួក​គេ​មិន​ទាន់​ប្រមូល​បាន​​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​អំពី​រឿង​នេះ​។ ​​​​កូរ៉េ​ខាង​ត្បូង​យល់​ថា​​រុស្ស៊ី​​​ប្រហែល​ជា​​បាន​ជួយ​​ផ្នែក​​បច្ចេក​ទេស​។

​​គេ​ដឹង​ថា​កូរ៉េ​ខាង​ជើង​បាន​ផ្ដល់​គ្រាប់​កាំ​ភ្លើង​ធំ​រាប់​លាន​គ្រាប់​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​។ ប្រទេស​ទាំង​២​បញ្ជាក់​ថា​​ខ្លួន​គ្មាន​កិច្ច​ព្រម​​ព្រៀង​សម្ងាត់​ផ្នែក​​យោធា​​ជា​មួយ​គ្នា​ទេ​។ ​ប៉ុន្តែ​​ខ្លួន​​នឹង​ពង្រឹង​កិច្ច​សហ​ការ​កាន់​តែ​ស៊ី​ជម្រៅ​ជា​មួយ​គ្នា​។ ក្រុម​ស៊ើប​ការណ៍​កូរ៉េ​ខាង​ត្បូង​​ជឿ​ជាក់​ថា​ផ្កាយ​រណប​នោះ​បាន​ដាក់​នៅ​ក្នុង​គន្លង​ត្រឹម​ត្រូវ​ហើយ​។ ប៉ុន្តែ​គេ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​តាម​ដាន​ជា​បន្ត​ទៀត​មុន​នឹង​វាយ​តម្លៃ​ថា​ផ្កាយ​រណប​អាច​ដំណើរ​ការ​ជា​ប្រក្រតី​៕​​












ប្រភព៖ Channel News Asia

Post a Comment

0Comments

Post a Comment (0)